ភាសាអក្សរនិងលេខខ្មែរប្រហែលពុំសូវសំខាន់ក្នុងគំនិតខ្មែរ
- Wednesday, 22 May 2013
- ហ៊ួន សាវង

សិស្សនៅខេត្តកំពង់ចាមកំពុងរៀនកន្លងមក។ រូបថត Save The Children
ប៉ុន្តែទិដ្ឋភាពបច្ចុប្បន្នប្រសិនបើធ្វើដំណើរតាមផ្លូវសាធារណៈ នានាក្នុងទីប្រជុំជនទីរួមខេត្ត ជាពិសេសក្នុងរាជធានីភ្នំពេញ គេនឹងឃើញថាមានតិចតួចណាស់ដែលឈ្មោះហាងលក់ទំនិញកាត់ដេរកែ សម្ផស្ស សម្អាងការ សាលារៀន មន្ទីរពេទ្យ ផ្សារ ឈ្មោះការិយាល័យស្លាកយីហោ សមាគម ឬក្រុមការងារ ។ល។ បានប្រើឈ្មោះជាពាក្យខ្មែរ ឬភាសាខ្មែរ។ ក្នុងរូបភាពទាំងនោះគេច្រើនប្រើឈ្មោះឬពាក្យជាភាសាបរទេសទៅវិញ។ ការនិយមបែបនេះ បើនិយាយក្នុងក្តីស្នេហាភាសា និងអក្សរសាស្រ្តអក្សរសិល្ប៍ជាតិនឹងគ្មានសូម្បីតែបន្តិចសោះឡើយនូវ គំនិតឆ្កឹះឆ្កៀលចាក់ដោតអ្វីនោះ ការដាក់ឈ្មោះទីកន្លែងដូចរៀបរាប់ខាងលើ ខ្ញុំពុំដឹងថាម្ចាស់ក្រុមហ៊ុន អាជីវកម្ម ឬស្ថាប័នទាំងនោះមានគោលបំណងចង់បង្ហាញអ្វីដល់អតិថិជនរបស់ខ្លួនឬ បានគិតដល់កម្រិតណាចំពោះភាសាជាតិឡើយជាពិសេសគឺអតិថិជនដែលជា ជនជាតិរួមភាសារួមសាសន៍ រួមឈាមរបស់ខ្លួនផ្ទាល់តែម្តងព្រោះពេលខ្លះ ឈ្មោះដែលបានសរសេរមួយចំនួនស្ទើរតែអានពុំដាច់ហើយពុំយល់ខ្លឹមសារ ឡើយ។
នេះខ្ញុំសូមមិនរាប់បញ្ចូលចំពោះទីតាំងដែលជាសាខាទំនិញធំៗទទួល សិទ្ធិនាំចូលផ្តាច់មុខពីបរទេសទេ។ កន្លែងធ្វើអាជីវកម្មពាក់ព័ន្ធនឹងការកែសម្ផស្ស គេច្រើនប្រើពាក្យថា «ប៊ីយូធី បូទិក ឬប៊ូទិច ឬបូទិចសាឡននិងសប»ជាដើម ដោយប្រើភ្ជាប់ជាមួយនឹងឈ្មោះម្ចាស់អាជីវកម្ម ឬទីតាំងដែលអាជីវកម្មនោះស្ថិតនៅ។ ចំពោះឈ្មោះមួយចំនួនទៀតវិញគេពុំដឹងចង់សំដៅលើអត្ថន័យអ្វីឱ្យ ប្រាកដឡើយព្រោះពាក្យជាអក្សរខ្មែរ ឬបរទេសដែលសរសេរនោះហាក់ដូចជាច្របូកច្របល់គ្នាយ៉ាងខ្លាំង។ច្របូក ច្របល់ ព្រោះខុសពីក្បួនខ្នាតវេយ្យាករណ៍ និងអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរទាំងស្រុង។ ឧទាហរណ៍ឌ្រីមលែនឌ៍, ឌឹស្តាយ, ឆាខូល,អ៊ឹមផឺរៀល ហ្គាឌិនវីឡា & អូតែល,ក្រុមមេធាវី ជូរីសថោវើ។ល។ លើសពីនេះទៀត មានឈ្មោះខ្លះបានសរសេរជាអក្សរឬភាសាបរទេសទាំងស្រុងតែម្តងដូចជា Mr Black, Khmer Solar, Lotus Blanc, ANGKOR TEP និង sabay ជាដើម។
ឈ្មោះចុងក្រោយនេះមិនត្រឹមតែមិនសរសេរជាភាសាខ្មែរឡើយថែមទាំង មានពាក្យមួយឃ្លានៅខាងក្រោមថា Knong Dai Neak ដែលឃ្លានេះ ពុំដឹងជាភាសាអ្វីឡើយ។ ផ្សេងពីនេះទៀត មានអាជីវកម្មមួយចំនួនបានសរសេរឈ្មោះជាខ្មែរផ្សំនឹងសំនៀងបរទេសទៅ វិញ ដូចជា រ៉ូយ៉ាល់ផាលែសហូថែល និងស្ប៉ា, ស្តាយយុវវ័យកាត់សក់, ភោជនីយដ្ឋានប៊ូលូមប៊ូលូមជាដើម។ ឈ្មោះអាជីវកម្មក្នុងស្រុកជំពូកខាងលើនេះមិនដឹងថាហេតុអ្វីមិន ប្រែអត្ថន័យមកជាភាសាខ្មែរឡើយ ហើយពាក្យដែលសរសេរដោយប្រើអក្សរខ្មែរនោះសោតមិនដឹងមានខ្លឹមសារ ដូចម្តេច? ក្នុងបរិបទនេះពាក្យខ្លះប្រសិនបើបកប្រែពីភាសាបរទេសឱ្យមាន អត្ថន័យក្នុងភាសាខ្មែរប្រហែលជាមានខ្លឹមសារយ៉ាងល្អវិសេសជាងនេះ ផងក៏មិនដឹង។
ឧទាហរណ៍ ពាក្យថា អ៊ីនធើណេសិនណល គ្រុប(International group) ស្តារអាស៊ី (Star Asia) ប៊ីហ្សនេស សឹលូសិន ខេមបូឌា (Business Solution Cambodia) ជាដើម។ បញ្ហានិយមសំនៀងបរទេសក្នុងភាសាខ្មែរនេះវាបានធ្វើឱ្យមានការភាន់ ច្រឡំមួយយ៉ាងធំតាមរយៈអក្ខរាវិរុទ្ធខ្មែរ ការប្រើប្រាស់វណ្ណយុត្តិ និងអត្ថន័យក្នុងភាសាខ្មែរទាំងស្រុងហើយថែមទាំងបានធ្វើឱ្យ ប៉ះពាល់ដល់ក្បួនខ្នាតនៃវេយ្យាករណ៍ខ្មែរទៀតផង។ ឧទាហរណ៍ពាក្យ«ស្តារអាស៊ី» ប្រសិនបើពុំអានអក្សរបរទេសនោះប្រាកដជាយើងប្រែថា «បាច ឬដងឬស្រោចស្រង់ទ្វីបអាស៊ី» យ៉ាងដូច្នេះ។ ព្រោះក្នុងវចនានុក្រមខ្មែរ ពាក្យ «ស្តារ» មានន័យថា «បាចឬដងយកទឹកចេញឱ្យស្រាល ឱ្យស្អាត»។
ប៉ុន្តែបើមើលអត្ថន័យពិតប្រាកដពីពាក្យបរទេសនោះមានន័យថា «តារា»ឬ«ផ្កាយ»។ ចំណែកឃ្លាថា«ស្តាយយុវវ័យកាត់សក់»នេះវិញគឺកាន់តែមានអត្ថន័យ ពុំសូវល្អជាងឃ្លាមុនទៅទៀត ព្រោះឃ្លានេះមានអត្ថន័យថា«សោកស្តាយយុវវ័យដែលកាត់សក់»។ ពាក្យ “Style” ដែលសរសេរមកភាសាខ្មែរថា«ស្តាយ» បែបនេះ គឺពុំអាចទៅរួចឡើយ។ ព្រោះក្នុងក្បួនវេយ្យាករណ៍ខ្មែរព្យញ្ជនៈ« ស» ពុំអាចប្រកបជាមួយនឹងជើង«ត»បានជាដាច់ខាត ចំពោះពាក្យខ្មែរពិតប្រាកដ។ ផ្ទុយទៅវិញវាប្រកបបានតែជាមួយជើង «ដ» ប៉ុណ្ណោះ។ ឧទាហរណ៍ស្តាប់ ស្តីដណ្តឹង ជាក់ស្តែង ស្តៅ។ល។ ដូច្នេះពាក្យបរទេសដែលសរសេរថា Star គួរតែបកប្រែជាខ្មែរថា ផ្កាយ ឬតារា និងពាក្យថា “Style”ប្រហែលគួរប្រែថា«របៀបបែបបទឬរចនាប័ទ្ម»វិញ។
វប្បធម៌និយមយកអក្សរខ្មែរសរសេរត្រាប់សំនៀងបរទេសគ្មានក្បួន ខ្នាតដូចសព្វថ្ងៃនេះ គួរតែគិតនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើពិសេស គឺពាក្យថា Star និង Style នេះជាដើម។ អ្វីទាំងអស់ដែលលើកឡើងខាងលើនេះ មិនទាន់និយាយដល់ការប្រើពាក្យពេចន៍ខុសបរិបទខុសអក្ខរាវិរុទ្ធ ឬខុសក្បួនខ្នាតវេយ្យាករណ៍ខ្មែរដែលគណៈកម្មការជាតិភាសាខ្មែរបាន កំណត់ឱ្យប្រើផងទាំងការនិយាយនិងការសរសេរ។ ជាក់ស្តែងសព្វថ្ងៃនេះកូនខ្មែរភាគច្រើនបាននិយាយថា «ពាក់ខោ» ទៅវិញដែលដើមឡើយពាក្យនេះគឺ«ស្លៀកខោ» សោះ ព្រោះជាទូទៅខោគេតែងយកមកស្លៀកពុំមែនយកមកពាក់ដូចអាវ ឬដូចមួកនោះឡើយ។
លើសពីនេះចំពោះការនិយាយស្តីផ្សេងទៀត ខ្មែរសម័យសកលភាវូបនីយកម្មនេះ ច្រើននិយមជ្រុលនូវពាក្យបរទេសផ្សំនឹងពាក្យខ្មែរ ហើយនិយាយទៅកាន់ជនជាតិខ្មែរដូចគ្នា។ ឧទាហរណ៍៖ថ្ងៃនេះខ្ញុំ Busy ណាស់។ ខ្ញុំមិនបានទៅ Booking អូតែលទេ និងContra ជាដើម។ ការនិយាយបែបនេះ ពុំដឹងថាដើម្បីសម្ញែងថាខ្លួនចេះភាសាបរទេសឬយ៉ាងណាឡើយ។ ប៉ុន្តែបើចេះពិតប្រាកដមែន គួរណាស់និយាយជាមួយនឹងបរទេសឱ្យបានត្រឹមត្រូវវិញប្រសើរជាងជាមួយ ជនជាតិឯងខ្លះដែលគ្នាស្ទើរតែមិនចេះខ្មែរបានគ្រប់ជ្រុងជ្រោយ ផង។ស្ថិតក្នុងរូបភាពដូចឃើញសព្វថ្ងៃនេះ គេគួរចាំថា ការអប់រំពុំមែនមានតែនៅក្នុងសាលាទេ។ ផ្ទុយទៅវិញ បរិស្ថានសង្គមក៏បានរួមចំណែកផងដែរ។ ចុះបើពាក្យពេចន៍ ឬអក្សរឬលេខនព្វន្តដែលប្រើតាមទីសាធារណៈទាំងអស់នៅស្រុកខ្មែរ បែរជាកូនខ្មែរអានស្ទើរមិនរួចហើយថែមទាំងមិនយល់អត្ថន័យផងនោះ តើការចេះដឹងនិងរីកចម្រើនរុងរឿងក្នុងវិស័យអប់រំនេះឬវិស័យ អក្សរសាស្រ្តជាតិកើតឡើងដោយរបៀបណា?
បន្ថែមពីលើនេះអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះគឺលេខខ្មែរ សព្វថ្ងៃស្ទើរពុំមានកូនខ្មែរណាចេះសរសេរឬប្រើប្រាស់ទៀតផង។ ក្នុងបរិបទនេះ សូម្បីតែសរសេរជាអក្សរពុម្ពក្នុងកុំព្យូទ័រសោះក៏ភាគច្រើនគេសរសេរ ជាលេខអារ៉ាប់ជំនួសលេខខ្មែរដែរ។ ចំណុចគួរពិចារណាមួយទៀតក្នុងសង្គមខ្មែរសម័យថ្មីនេះ រាល់ការដាក់ពាក្យស្នើសុំការងារតាមស្ថាប័នជាច្រើនច្រើនតែតម្រូវ ឱ្យអ្នកស្នើសុំសរសេរប្រវត្តិរូបសង្ខេបដែលគេតែងនិយាយរត់មាត់ គ្រប់គ្នានោះថា CV ជាភាសាបរទេសខណៈដែលស្ថាប័ននឹងត្រូវបំពេញការងារនោះស្ថិតនៅក្នុង ស្រុកខ្មែរ មានថ្នាក់ដឹកនាំជាជនជាតិខ្មែរនិងតែងតែនិយាយប្រាស្រ័យទាក់ទង គ្នាជាភាសាខ្មែរផងនោះ។
ស្ថិតក្នុងរូបភាពដូចដែលបានលើកឡើងខាងលើនេះ ខ្ញុំសូមបណ្តាស្ថាប័ននិងបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលតែង នាំគ្នានិយាយថា៖ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ» និង«មោទនភាពជាតិខ្មែរ» ស្ទើរមិនដាច់ពីមាត់នោះមេត្តាយោគយល់អធ្យាស្រ័យចំពោះរូបខ្ញុំបាទ ផង ប្រសិនបើអត្ថបទមួយដែលសរសេរបញ្ចេញពីអារម្មណ៍ពិតឥតមានន័យបង្ក នូវវិនាសកម្មអ្វីផ្សេងៗនោះ ធ្វើឱ្យរង្គាសដល់អារម្មណ៍ និងដួងចិត្តបងប្អូនដែលមានឈាមជ័រជាខ្មែរដូចគ្នា។ផ្ទុយទៅវិញ នេះដោយសារតែខ្ញុំមានអារម្មណ៍មួយស្តាយស្រណោះនិងអាសូរដល់ បុព្វបុរសដូនតាយើងលោកខិតខំបង្កើតជាភាសា និងអក្សរសម្រាប់យើងប្រើប្រាស់ស្របពេលដែលជនជាតិដទៃខ្លះពុំមាន អក្សរប្រើប្រាស់ផងហើយយើងប្រែជាមិនស្រឡាញ់អក្សររបស់ខ្លួនទៅ វិញ។
ម្យ៉ាងទៀត យើងគួរចាំថា ក្នុងកាលសម័យខ្លះប្រទេសជាតិយើងត្រូវបរទេសកៀបសង្កត់និងស្ទើរតែ លុបបំបាត់ភាសាព្រមទាំងអក្សររបស់យើងផងដែរ។ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់ទើបដូនតាយើងបានលះបង់ទាំងកាយទាំង ចិត្ត និងអាយុជីវិត គ្រប់បែបយ៉ាងដើម្បីការពាររហូតដល់សព្វថ្ងៃ។ តើគួរទេដែលយើងជាកូនចៅសម័យទំនើប បណ្តោយឱ្យអ្វីមួយចុះអន់ថយនិងបាត់បង់ដោយសារតែខ្លួនឯងគ្មាន នរណាបង្ខិតបង្ខំសោះឡើយនោះ?
No comments:
Post a Comment