សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Tuesday, May 28, 2013


ខៀវ សំផន ថា​គាត់​ទទួល​ខុស​ត្រូវ​តិច​ជាង​លោក ហ៊ុន សែន ទេ ក្នុង​សម័យ​ខ្មែរ​ក្រហម


130528_05a
លោក ខៀវ សំផន ក្នុងសវ​នាការ​របស់ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​​ អ.វ.ត.ក ​កាល​ពី​ថ្ងៃចន្ទ។ រូបថត អ.វ.ត.ក​
ភ្នំពេញៈ លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ម្សិលមិញ​ថា លោក​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្មែរ​ក្រហម​តិច​ជាង​លោក​នាយក​រដ្ឋ ​មន្រ្តី ហ៊ុន សែន ទេ។
នៅ​ថ្ងៃ​ទី១ នៃ​សវនាការ​ស្តីពី​ផល​ប៉ះពាល់​លើ​ជន​រងគ្រោះ​ដែល​មាន​រយៈ​ពេល ៤ ថ្ងៃ​អង្គ​ជំនុំ​ជម្រះ​បាន​ផ្តោត​លើ​សេចក្តី​ថ្លែង​របស់​ដើម​បណ្តឹង​ រដ្ឋប្បវេណី​អំពី​ការ​ឈឺ​ចាប់​ដែល​ពួកគេ​បាន​ទទួល​ក្រោម​របប​ខ្មែរ​ក្រហម ប៉ុន្តែ​តុលាការ​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចោទ​សួរ​ទៅ​លោក ខៀវ សំផន និង​លោក នួន ជា សហជន​ជាប់​ចោទ​ដែល​នៅ​សល់​ក្នុង​សំណុំ​រឿង ០០២ ដែរ។
តុលាការ​បាន​បើក​សវនាការ​ប្រហាក់​ប្រហែល​គ្នា​នេះ​មួយ​ក្នុង​អំឡុង​ពេល​ ជំនុំ​ជម្រះ ឌុច ប្រធាន​មន្ទីរ​ស‑២១ ប៉ុន្តែ​សវនាការ​កាល​ពី​ម្សិលមិញ គឺជា​លើក​ទី ១ សម្រាប់​ការ​ជំនុំ​ជម្រះ​នា​ពេល​បច្ចុប្បន្ន​នេះ។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដើម​បណ្តឹង​រដ្ឋប្បវេណី​អំពី​មូលហេតុ​អ្វី​បាន​ជា ​មាន​ការ​ឈឺចាប់​ខ្លាំង​ក្រោម​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​ក្រោក​ឈរ ឆ្លើយ​រៀប​រាប់​យ៉ាង​វែង។
លោក ខៀវ សំផន បាន​ថ្លែង​បញ្ជាក់​ថា ៖ «​ជា​បឋម ខ្ញុំ​សូម​ជម្រាប​អ្នក​ទាំងអស់​គ្នា​ថា ខ្ញុំ​មិន​មែន​ជា​ខ្មែរ​ក្រហម​ទេ ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់ ទាំង​អស់​នេះ​បាន​ទេ»។
លោក​ថ្លែង​ថា៖ «​ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​ក្នុង​ករណី​លោក ហ៊ុន សែន តើ​គាត់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ដោយ​ ខ្មែរ​ក្រហម​ដែរ​ឬ​យ៉ាង​ណា?»
ការ​ជាប់​ពាក់​ព័ន្ធ​របស់​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ជាមួយ​នឹង​ ខ្មែរ​ក្រហម​បាន​លើក​ឡើង​ពី​មុន​រួច​ហើយ​ក្នុង​សាលា​ក្តី​។ ប៉ុន្តែ​វា​ជា​រឿង​ខុស​ធម្មតា ដែល​ជន​ជាប់​ចោទ​បាន​ក្រោក​ឈរ ហើយ​និយាយ​រឿង​រ៉ាវ​ទាំង​អស់​ដែល​ជំពាក់​ជំពិន​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ជា​មេ​បញ្ជាការ​តំបន់​ខាង​កើត ក្រោម​របប​ខ្មែរ​ក្រហម មុន​ពេល​លោក​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម។
លោក ខៀវ សំផន បាន​បន្ត​ថា៖ «​ក្នុង​ករណី​ខ្ញុំ​វា​ដោយ​ឡែក​ពី​ករណី​លោក ហ៊ុន សែន​។ ខ្ញុំ​មិន​បាន​ដឹង​អ្វី​សោះ អំពី​ថា​តើ​អ្វី​បាន​កើត​ឡើង​រវាង​ឆ្នាំ ១៩៧៥ និង ១៩៧៩ នោះ​»។
ដូច​លើក​មុន​ដែរ លោក ខៀវ សំផន បាន​អះអាង​ថា លោក​ពុំ​ដឹង​អ្វី​ទេ អំពី​ការ​សម្លាប់​និង​ការ​អត់​ឃ្លាន​ក្រោម​របប​នេះ ព្រោះ​លោក​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​នៅ​ក្នុង​ការិយាល័យ​នៅ ក្រុង​ភ្នំពេញ។
លោក​បញ្ជាក់​ថា លោក​បាន​ដឹង​អំពី​ការ​បោះបង់​សាលារៀន ដោយ​សារ​ថា កង្វះ​អ្នក​ជំនាញ​កម្ពុជា​នៅ​ពេល​នោះ នឹង​ធ្វើ​ឲ្យ​សាលា​រៀន​គ្មាន​ប្រសិទ្ធភាព។
លោក​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ចង់​សម្តែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​រាល់​គ្នា​ចំពោះ​ការ​ឈឺ ​ចាប់​និង​បទ​ពិសោធ​របស់​អ្នក ទាំង​អស់​គ្នា​ដែល​បាត់​បង់​ឪពុក​ម្តាយ សាច់​ញាតិ និង​អ្នក​ជា​ទី​ស្រឡាញ់»។
ការ​បាត់​បង់​នោះ​ត្រូវ​លើក​ឡើង​ដោយ​ដើម​បណ្តឹង​រដ្ឋប្បវេណី ៤នាក់​ដែល​ផ្តល់​សក្ខីកម្ម​កាល​ពី​ម្សិលមិញ។
លោក យស ផល មន្ត្រី​ប៉ូលិស​ក្រោម​របប លន់ នល់ បាន​ថ្លែង​ថា៖ «​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង គ្មាន​ជំនួយ​អ្វី​ទេ»។ លោក​បង្ហាញ​ពី​អារម្មណ៍​ដែល​អ្នក​ដទៃ​ទៀត​បាន​រំឭក​បន្ទាប់​ពី​ពួកគេ​បាន​មក ​ឃើញ​សមាជិក​គ្រួសារ​និង​មិត្ត​ភក្តិ​ស្លាប់​ដោយ​សារ​ភាព​អត់​ឃ្លាន ឬ​ត្រូវ​បាន​សម្លាប់​ចោល​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម។
ដើម​បណ្តឹង​រដ្ឋប្បវេណី​ដទៃ​ទៀត​គឺ​ស្រ្តី​ម្នាក់​ជា​ម្តាយ​កូន​បួន​នាក់ ក្មេង​ប្រុស​ម្នាក់ និង​អ្នក​ភេទ​ទី៣​ម្នាក់ នៅ​ពេល​ខ្មែរ​ក្រហម​ជម្លៀស​ពួកគេ​ពី​ផ្ទះ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
លោក នួន ជា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​ទេ ក្នុង​សវនាការ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ៕ TK

No comments:

Post a Comment