Tuesday, 28 May 2013
យស់ កាតង់
ភ្នំពេញ ប៉ុស្តិ៍

លោកសូរិយា ស៊ូប៊ែរឌី (ស្តាំ) នៅក្នុងសន្និសីទកាសែត នៅមុនពេលចាកចេញពីកម្ពុជា កាលពីថ្ងៃសៅរ៍។ រូបថត ហេង ជីវ័ន
ជូនចំពោះការីនិពន្ធ
ខ្ញុំបានស្តាប់រួចហើយនូវការលើកឡើងជាបន្តបន្ទាប់របស់ក្រុម និស្សិតពីរក្រុម ដែលមួយក្រុមមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស និងមួយក្រុមទៀតគាំទ្រដំណើរអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានស្តាប់ការឆ្លើយឆ្លងគ្នាដ៏ស្វិតស្វាញនេះ ខ្ញុំសូមធ្វើការសន្និដ្ឋានជារួមមួយជូនមិត្តអ្នកអាន ដូចតទៅ៖
១. ការលើកឡើងរបស់និសិ្សតមួយក្រុមក្នុងវេទិកាមួយ ដែលមានវត្តមាន លោកសូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់ អ.ស.ប.ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅសាកលវិទ្យាល័យមេគង្គកម្ពុជា ត្រូវបានមហាជនយល់ថា មិនមែនជាទស្សនៈរួម (ទស្សនៈមានតែមួយជ្រុង) របស់និសិ្សតកម្ពុជានៅទូទាំងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែជាទស្សនៈរបស់និស្សិតមួយក្រុម ដែលបានចូលជាសមាជិកនៃនិស្សិតបក្សនយោបាយ និងជានិស្សិតដែលបានទទួលអាហារូបករណ៍ពីប្រមុខរាជរដ្ឋាភិបាលខ្មែរ។ ការទាមទារពុំឲ្យមានអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិ មនុស្សរបស់ អ.ស.ប ប្រចាំនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពេញលេញពីឆន្ទៈមនសិការស្នេហាជាតិរបស់និស្សិត ខ្មែរចំពោះជាតិរបស់ខ្លួននោះទេ ផ្ទុយទៅវិញនិស្សិតជាច្រើនសែននាក់ដទៃទៀតដែលបានទទួលការអប់រំ ខ្ពស់ និងយល់ស៊ីជម្រៅពីបញ្ហាសង្គមខ្មែរ មិនបានគាំទ្រចំពោះការទាមទារដ៏អគតិរបស់និស្សិតមួយក្រុមនេះទេ ហើយសបញ្ជាក់ឲ្យឃើញពីខ្សែញាក់នយោបាយក្នុងហេតុផលកេងចំណេញផ្នែក នយោបាយ របស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។
២. ការរៀបចំវេទិកានេះទៀតសោត គឺត្រូវបានគេយល់ថាសម្រាប់ជជែកពិភាក្សាគ្នារវាងក្រុមនិស្សិត និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពីបញ្ហាប្រកួតប្រជែងផលប្រយោជន៍ក្នុងច្បាប់វិនិយោគបរទេស ប៉ុន្តែវេទិកានេះបានក្លាយទៅជាវេទិកានៃការសម្ដែងមតិរបស់និស្សិត មួយក្រុមដែលស្រែកថា «កម្ពុជាមិនត្រូវការអ្នករាយការណ៍ពិសេស» ទៅវិញ។ វេទិកាបែបនេះត្រូវបានមហាជនយល់ថាហាក់ដូចជាឆាកល្ខោនមួយដែល ត្រូវបានរៀបចំរួចជាស្រេចក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យមេគង្គកម្ពុជា។ និស្សិតទាំងនោះត្រូវបានរៀបចំចាត់តាំងរួចជាស្រេចសម្រាប់បញ្ចេញ សំឡេងរបស់ខ្លួននៅក្នុងវេទិកាចោទសួរចំអកដេញដោល និងវាយប្រហារលើរបាយការណ៍របស់លោក សូរិយា ស៊ូប៊ែរឌី។ ក្នុងនោះ បដាតវ៉ាមួយចំនួនត្រូវបានសរសេរទុករួចជាស្រេច មុនវត្តមានរបស់លោកស៊ូប៊ែរឌី និងនៅចុងបញ្ចប់នៃវេទិកាបដាទាំងនោះត្រូវបានលើកបង្ហាញដោយសំឡេង ទាមទារខ្លាំងៗ មុនដំណើរចាកចេញរបស់លោកស៊ូប៊ែរឌី យ៉ាងអាម៉ាស់ និងដោយហួសចិត្ត។
៣. ការទាមទារដ៏អគតិនេះ អាចធ្វើឲ្យរាំងស្ទះដល់លទ្ធភាពរបស់កម្ពុជា ក្នុងការចូលជាសមាជិកមិនអចិន្រៃ្តយ៍នៃអង្គការសហប្រជាជាតិនាពេល អនាគត ស្របពេលដែលពិភពលោកកំពុងសម្លឹងឃើញថាកម្ពុជានឹងអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការចូលជាសមាជិកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះការទាមទារដ៏ឆោតល្ងង់របស់និស្សិតមួយក្រុមនេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិលើឆាក អន្តរជាតិ និងទំនាក់ទំនងល្អជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាប៉ះពាល់យ៉ាងធំធេងដល់កិត្តិនាមនិស្សិតខ្មែរទាំងមូល។
៤. មានក្រុមនិស្សិតខ្មែរជាច្រើននៅស្រុកខ្មែរ និងនៅបរទេសបានលើកឡើងថា និស្សិតមួយក្រុមដែលបានទាមទារបែបនេះបានលក់ឧត្តមគតិរបស់ខ្លួន ដើម្បីបម្រើដល់នយោបាយគណបក្សកាន់អំណាចប៉ុន្តែខ្ញុំយល់ថានិស្សិត ទាំងនោះពុំទាន់មានឧត្តមគតិសម្រាប់លក់ទេ ហើយបើលក់ ក៏គ្មានអ្នកទិញដែរដ្បិតគតិរបស់និស្សិតទាំងនោះជាគតិក្លាហានដ៏ អន់ថយមិនគ្រប់ជ្រុងជ្រោយនិងមិនឈរលើមូលដ្ឋានប្រាកដនិយម។
៥. នៅក្នុងប្រទេសកម្ពុជាមានគម្រោង និងសកម្មភាពវិនិយោគ ព្រមទាំងការអភិវឌ្ឍជាច្រើន ប៉ុន្តែភាគច្រើននៃការវិនិយោគ និងការអភិវឌ្ឍទាំងនោះ បានបណ្តាលឲ្យកើតមាននូវ ការរំលោភសិទ្ធិជាហូរហែ ដែលមិនត្រូវបានដោះស្រាយដោយយុត្តិធម៌ ដូចជា បញ្ហាសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន សិទ្ធិកាន់កាប់ដីធ្លី សិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន។ល។ ដូច្នេះហើយទើបលោកស៊ូប៊ែរឌី បានកំណត់នៅក្នុងរបាយការណ៍ជាក់ស្តែងរបស់ខ្លួនថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថានភាពសិទ្ធិមនុស្សមិនត្រូវបានគោរពពេញលេញ និងមិនទាន់បានអនុវត្តជាក់ស្តែង ស្របតាមសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សនិងបទដ្ឋានច្បាប់នៃ អង្គការសហប្រជាជាតិនៅឡើយទេ។
៦. អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស មិនមែនមានតែនៅកម្ពុជានោះទេ គឺមានសរុបទាំងអស់៧៤ប្រទេសឯណោះនៅលើពិភពលោក ដែលជាតួនាទីបេសកកម្មមួយពោរពេញទៅដោយសមត្ថភាព តម្លាភាពនៃការទទួលខុសត្រូវ និងជាតំណាងរបស់អង្គការសហប្រជាជាតិដែលប្រទេសស្ទើរតែមួយពិភពលោក បាន និងកំពុងទទួលស្គាល់ និងពឹងអាស្រ័យ៕
No comments:
Post a Comment