លោកសម រង្ស៊ី គ្មានឈ្មោះ ក្នុងគណបក្សសង្គ្រោះជាតិ ពេលចុះឈ្មោះនៅគ.ជ.ប
Angkor Thom Media | នយោបាយ | ម៉ោង១៣ និង៣២នាទី ថ្ងៃសៅរ៏ ទី១១ ខែឧសភា ឆ្នាំ២០១៣(RFI): ខណៈដែលការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ គណបក្សនយោបាយនីមួយៗ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមប្រកួត ក្នុងនោះ គណបក្សសង្គ្រោះជាតិ បានយកឯកសារសុំចុះឈ្មោះគណបក្សទៅដល់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកាលពីរសៀលថ្ងៃទី ១០ឧសភា ក្នុងចំណោមឯកសារទាំងនោះ គេឃើញមានបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រមួយ តែគ្មានឈ្មោះលោកសម រង្ស៊ីនោះទេ។
គណបក្សសង្គ្រោះជាតិ បានបញ្ជូន ឯកសារសុំចុះឈ្មោះ គណបក្ស និងបញ្ជី បេក្ខជនតំណាងរាស្ត្រ ទៅដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅរសៀល ថ្ងៃ សុក្រ កន្លងទៅនេះ។ នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រនោះមិនមានបេក្ខភាពលោកសម រង្ស៊ីឡើយ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រាប់ថា បើទោះជាលោកសម រង្ស៊ីគ្មានឈ្មោះជាបេក្ខជនតំណាងរាស្ត្រក៏ដោយ គណបក្សសង្គ្រោះជាតិរបស់ លោកនៅតែប្រកាន់ជំហរចាត់ទុកលោកសម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះដដែល។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពន្យល់ថា វាអាចមានករណីប្រែប្រួលដូចករណីមាននាយករដ្ឋមន្ត្រី២ ក្នុងអណត្តិទី ១ ដែលគ្មានអ្នកណានឹកស្មានដល់។
គួររម្លឹកថា គណបក្សសង្គ្រោះជាតិបានប្រកាសឈ្មោះលោកសម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រី និងលោកកឹម សុខា ជាប្រធានរដ្ឋសភា ក្នុងករណីគណបក្សនេះឈ្នះក្នុងការបោះឆ្នោតខាងមុខ។ នៅពេលនេះ គេនៅរង់ចាំការទទួលស្គាល់ជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតចំពោះគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ដែលអាចជាគណបក្សទី៦ចុងក្រោយ ដែលសុំចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រសិនបើគ្មានគណបក្សនយោបាយណាថ្មីមក សុំចុះឈ្មោះបន្តទៀតនោះ៕

No comments:
Post a Comment