សូមស្វាគមន៍ ការមកកាន់ website khmervital របស់យើងខ្ញុំ ជូនពរឳ្យលោកអ្នកជូបតែសំណាងល្អ និងរកទទូលទៀនមានបានគ្រប់ពេលវេលា សូមអគុណ......​

Sunday, May 5, 2013

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​មួយកាល​ពី​ពេល​​កន្លង​មក​​​។ រូបថត ផា លីណា
កំពង់ចាមៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាលពី​ម្សិលមិញ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​របស់​លោក ចំពោះ​បទ​វិភាគ​ជា​ខ្សែ​អាត់​សំឡេង​ដែល​ផលិត​ឡើង​ដោយ​អង្គភាព​ព័ត៌មាន​និង​ ប្រតិកម្ម​រហ័ស​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។
នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​មួយ​នា​ខេត្ត​កំពង់ចាម​កាល​ពី​ ម្សិលមិញ លោក ហ៊ុន សែន​បាន​ថ្លែង​ថា ការ​វិភាគ​ថត​ជា​សំឡេង​ពី​«អាយ៉ៃ​ឆ្លង​ឆ្លើយ​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ​» លោក​សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​បាយ័ន​និង​គេហទំព័រ អង្គភាព​ព័តមាន និង​ប្រតិកម្ម​រហ័ស កាល​ពី​ថ្ងៃ​ទី១ ឧសភា នឹង​មាន​គេ​រៀប​ចំ​ដាក់​ក្នុង​ស៊ីឌី​ផង​ដែរ ហើយ​លោក​ថ្លែង​ថា​វិទ្យុ​នានា​អាច​យក​ទៅ​ចាក់​ផ្សាយ​ឲ្យ​ពលរដ្ឋ​ស្តាប់​ឲ្យ​ បាន​ទូលំ​ទូលាយ​។
លោក​ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រោយ​ការ​ផ្សព្វ​ផ្សាយ​បទ​វិភាគ​នេះ​មាន​អ្នក​វិភាគ​មួយ​ចំនួន​ចោទ​ប្រកាន់ ​ថា រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​បំពាន​គេ​ឬ​វាយ​ប្រហារ​គេ​ជាដើម ប៉ុន្តែ​លោក​បញ្ជាក់​ថា តាម​ការ​ពិត មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន តាម​បណ្តាញ​សង្គម​«ហ្វេសប៊ុក» រហូត​ដល់​ដាក់​បណ្តាសា ដល់​មេ​បក្ស​ប្រជាជន​ថា​បាន​ស្លាប់​ជាដើម តែ​គណបក្ស​នេះ មិន​បាន​ឆ្លើយ​តប​អ្វី​ឡើយ។
ទោះ​យ៉ាង​ណា​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​លើក​ឡើង​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​លោក សម រង្ស៊ី និង​លោក​កឹម សុខា ជា​«ការ​ពិត» ដែល​មេ​បក្ស​ពីរ​រូប​នេះ​ជេរ​គ្នា​នៅ​មុន​ពេល​មាន​ការ​រួម​បក្ស​បញ្ចូល​ គ្នា។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖ កុំ​ខ្លាច...ខ្លួន​ឯង​ជេរ​គ្នា ទាស់​គ្នា​យ៉ាង​ម៉េច​និយាយ​គ្នា​ឲ្យ​អស់​ទៅ»​។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​មាន​វិទ្យុ​ប៉ុន្មាន​ចាក់​ទៅ លោក​ឯង​យក​ទៅ​ចាក់​ទៅ​ហ្វ្រី (free)​ម៉ា​សេរី។ ចាក់​ទៅ​ព្រោះ​គេ​ជេរ​គ្នា​ល្អ​ស្តាប់​ដែរ ខ្ញុំ​សើច​ដែរ...ព្រោះ​អាហ្នឹង​គេ​ជេរ​គ្នា​ពី​ម៉្ងៃ​នោះ ថ្ងៃ​ហ្នឹង​គេ​ធ្វើ​ត្រូវ​គ្នា»។
ឯកសារ​ជា​សំឡេង​អម​ដោយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ផង​នោះ​មាន​រយៈ​ពេល​ជាង ២៥ នាទី​បាន​និយាយ​ដៀម​ដាម​ថា លោក កឹម សុខា ជា​ជើង​ឯក​ខាង​អួត​និង​បាន​ចាក់​សំឡេង​លោក កឹម សុខា​ផ្ទាល់​ដែល​រិះ​គន់​ពី​ឥរិយាបថ​មិន​ល្អ​របស់​គណបក្ស​សមរង្សី និង​លោក​សម រង្ស៊ី។
ក្នុង​ឯកសារ​ជា​សំឡេង​នោះ​ក៏​បាន​លើក​ឡើង​អំពី​ការ​សន្ទនា រវាង​លោក ហ៊ុន សែន និង​លោក​កឹម សុខា ដែល​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១១ ដែល​អាច​ជា​មូលហេតុ ធ្វើ​ឲ្យ​ការ​ប៉ុន​ប៉ង​រួម​បញ្ចូល​គ្នា របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​កាល​ពី​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១២​ត្រូវ​បរាជ័យ​នោះ​ផង​ដែរ​។
យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា ជា​ការ​ល្អ​វិញ​ទេ ដែល​មនុស្ស​ពីរ​នាក់ ឬ​បក្ស​ពីរ​ធ្លាប់​ឈ្លោះ​គ្នា តែ​បែរ​ជា​អាច​មក​រួម​បញ្ចូល​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​បាន​។ លោក​និយាយ​ថា៖«មាន​អ្នក​នយោបាយ​ខ្លះ ធ្លាប់​ថ្កោល​ទោស​អតីត​ព្រះ​មហាក្សត្រ តែ​ក្រោយ​មក​បែរ​ជា​តាំង​ខ្លួន​ធ្វើ​ជា​អ្នក​គោរព​អតីត​ព្រះ​មហាក្សត្រ។ មាន​ន័យ​ថា ស្ថានការណ៍​នយោបាយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ផ្លាស់​ប្តូរ​។...ចំណែក​ឯគូ​ បដិបក្ខ មួយ បើ​ចេះ​បង្រួប​បង្រួម​គ្នា​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​បម្រើ​ប្រជាជន​ ធ្វើ​ការ​ដើម្បី​បំពេញ​ទៅ​តាម​ឆន្ទៈ​ប្រជាជន​នោះ​វា​ជា​ការ​ប្រសើរ​បំផុត»។
លោក កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពី​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ បាន​មើល​មិន​ឃើញ​ពី​ផល​ចំណេញ​ដែល​អ្នក​នយោបាយ​ឈ្លោះ​គ្នា​ឡើយ​។ លោក​កែម ឡី​ថ្លែង​ថា​៖«​គណបក្ស​នយោបាយ គួរ​លើក​យក​គោល​នយោបាយ​ល្អៗ​របស់​ខ្លួន​មក​ប្រកួត​ប្រជែង​គ្នា បង្ហាញ​ដល់​អ្នក​បោះ​ឆ្នោត​ជា​ជាង​ការ​វាយ​ប្រហារ​គ្នា ដូច​ជា​កីឡាករ វ៉ៃ​បុក វ៉ៃ​ទៅ វ៉ៃ​មក​ដែល​ទី​បំផុត​អាច​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ទាំង​សង​ខាង នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ មាន​ការ​ធុញ​ទ្រាន់​»។ លោក កែម ឡី​ក៏​បាន​លើក​ឡើង​ផង​ថា ការ​រួម​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ចង់​មិន​ចង់ គឺ​នឹង​ធ្វើ​ឲ្យ​សំឡេង​របស់​ពួក​គេ​មាន​ការ​កើន​ឡើង​ដែល​ត្រង់​នេះ​ហើយ​អាច​ ជា​ក្តី​បារម្ភ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី និង​គណបក្ស​កាន់​អំណាច​ទើប​មាន​ការ​លើក​ឡើង​ពី​ជម្លោះ​ពាក្យ​សម្តី កាល​ពី​អតីតកាល​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​៕
រាយការណ៍​បន្ថែម សូ វិសាល

No comments:

Post a Comment